
ជាទូទៅ ស្រ្តីតែងតែមានការព្រួយបារម្ភអំពីសាច់ដែលដុះនៅលើស្បូន។ ប៉ុន្តែដុំស្បូន
ឬ ហ្វីប្រូម ជាភាសាបារាំង ជាដុំសាច់ស្លូត ដែលគ្មានអំណាច បង្កបង្កើតទៅជាជំងឺមហារីក ដ៏គួរខ្លបខ្លាចនោះទេ។
ដុំស្បូនអាចដុំរីក លូតលាស់នៅក្នុងស្បូនមនុស្សស្រី ដោយគ្មានបង្កជារោគសញ្ញាអ្វីទាំង អស់
រាប់ខែរាប់ឆ្នាំ ហើយស្រ្តីអាចដឹងបាន ដោយសារទៅថតអេកូពិនិត្យ មើលស្បូនជាធម្មតាក៏មាន។
ប៉ុន្តែដុំស្បូនខ្លះទៀត អាចបង្កផលរំខាន យ៉ាងខ្លាំងដល់ស្ត្រីអ្នកជំងឺ។ តើដុំស្បូនជាជំងឺអ្វី
? តើធ្វើយ៉ាងណាអាច
ការពារកុំឱ្យកើតដុំស្បូននេះបាន?
ជំងឺដុំស្បូន (fibrome utérin) ជាជំងឺស្រាល ! មានន័យថាដុំសាច់នៅក្នុង
ស្បួន ជាសាច់ស្លូត មិនមែនជាដុំសាច់ដែលនាំដល់ជំងឺមហារីកទេ។ ដុំសាច់នេះ ដុះលូតលាស់តែនៅក្នុងស្បូន
ជាសាច់ស្បូន ឬជាលិកាស្បូន។ ដុំស្បូនច្រើនកើតមានជាញឹកញាប់លើស្ត្រីក្នុងវ័យបង្កកំណើត
ឬស្ត្រីដែល មានអាយុចាប់ពី៣០ឆ្នាំឡើងទៅ ក្នុងកំរិតប្រមាណពី២០ទៅ ៤០% បើនិយាយអំពីស្ត្រីនៅអឺរ៉ុប។
វាអាចមានទំហំចាប់ពីប៉ុនគ្រាប់ម្រេច ដល់ប៉ុនផ្លែក្រូចថ្លុង។ ដុំស្បូន អាចដុះ
នៅលើសាច់ស្បូន (fibrome sous séreux)
នៅក្នុងសាច់ស្បូន (fibrome interstitiel)
នៅក្នុងរន្ធស្បូន (fibrome sous muqueux)
រហូតមកដល់ពេលបច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងអំពីមូលហេតុច្បាស់ លាស់ដែលនាំកើតជំងឺដុំស្បូននេះទេ
ប៉ុន្តែកត្តាអ័រមូនទំនងជាមាន ចំណែកនៃការដុះដុំសាច់នេះ។ គេសង្កេតឃើញថា ស្រ្តីពេញវ័យ
ឬ ក្នុងវ័យបន្តពូជមានការ កកើត ឬ កើនទំហំនៃដុំសាច់ស្បូន តែដល់ពេល ស្រ្តីអស់រដូវ ទំហំដុំស្បូនរួមតូចមកវិញ។
គេបានដឹងបន្ថែមទៀតថា ស្ត្រីស្បែកខ្មៅ មានហានិភ័យខ្ពស់ប្រឈម នឹងការកើតដុំស្បូន
ជាស្ត្រីស្បែកស។ ស្ត្រីគ្មានកូន និងស្រ្តីមានជំងឺធាត់ លើសទម្ងន់ ក៏ងាយនឹងជួបគ្រោះកើតជំងឺដុំស្បូននេះជាងគេដែរ។
ជាទូទៅជំងឺដុំស្បូន គ្មានផ្តល់រោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែប្រសិនបើមាន
គេសម្គាល់ឃើញជាញឹកញាប់តាមរយៈអាការៈមួយចំនួនដូចជា ធ្លាក់ឈាមខ្លាំង ក្នុងអំឡុងពេលមានរដូវ
និងចន្លោះពេលអត់រដូវ ឈឺពោះ ឈឺបែបធ្ងន់ៗនៅអាងត្រគៀក ឬនៅពេលរួមរក្ស បត់ជើងតូចញយ ឬទល់លាមក
...
ដោយសារតែការធ្លាក់ឈាមខ្លាំងពេក ស្ត្រីអាចជួបគ្រោះស្លេកស្លាំង។ អ្នកគ្មានកូនអាចងាយកើតដុំស្បូន
ហើយបញ្ច្រាសមកវិញ បើមានដុំស្បូន ស្ត្រីក៏មានសមត្ថភាពបង្កកំណើតថយចុះ ឬមានកូនមិនគង់
(រលូត ឬកើតមិនគ្រប់ខែ)។ ដុំស្បូនអាចសង្កត់ទៅលើសរីរាង្គជិតខាង បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម
ធ្វើឲ្យរំខានដល់ ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។
ការព្យាបាល
បើគ្មានរោគសញ្ញាអ្វីរំខានស្តែងចេញមកទេ នោះគេក៏ពុំចាំបាច់ធ្វើ ការព្យាបាលអ្វីដែរ
ការពិនិត្យតាមដានសុខភាពស្បូនជាញយៗគ្រប់គ្រាន់ ហើយ ព្រោះជាទូទៅ ដុំស្បូន តែងតែរួមតូចទៅវិញ
នៅពេលស្ត្រីអស់រដូវ។ ប្រសិនបើមានរោគសញ្ញា និងយោល ទើបមានការព្យាបាល។ គេអាចព្យាបាលដុំស្បូនដោយវិធីច្រើនយ៉ាង
ទៅតាមស្ថានភាពធ្ងន់ស្រាល នៃដុំស្បូន ៖
ដោយប្រើឆ្នាំលេប បំបាត់ការឈឺចាប់និងទប់ការធ្លាក់ឈាម
ដោយថ្នាំអ័រមូន លេបពង្រួញដុំសាច់ឱ្យស្វិតតូច កំរិតកុំឱ្យរោគសញ្ញា កុំឱ្យវិវត្តន៍
ដោយវះកាត់ ចោះយកដុំស្បូន ឬវះកាត់ស្បូនទាំងស្រុងតែម្តង ប្រសិនបើជាករណីធ្ងន់ធ្ងរខ្លាំង
និងបើក្នុងករណីស្ត្រីបញ្ជាក់ចេតនាលែង ចង់បានកូនដោយប្រាកដប្រជា
ការព្យាបាលដោយវះកាត់យកស្បូនទាំងស្រុងចេញតែម្តង ធ្វើឡើងតែក្នុង ករណីជំងឺដុំស្បូនមានលក្ខណៈធ្ងន់ធ្ងរខ្លាំង
និងក្នុងករណីស្ត្រី ចូលដល់វ័យ លែងចង់បង្កើតកូនសោះដោយប្រាកដប្រជា។
ជាទូទៅ ស្ត្រីដែលមានជីវិតសកម្ម ស្វាហាប់បញ្ចេញថាមពលច្រើន មិនសូវជួបគ្រោះកើតដុំស្បូន
ដូចស្ត្រីដែលមានរស់ក្នុងភាពស្រណុក ស្រួលទេ។ ដូច្នេះការបញ្ចេញកម្លាំងពលកម្ម ធ្វើកីឡា
ហាត់ប្រាណជា ប្រចាំរាល់ថ្ងៃ ជាវិធីការពារដ៏ប្រសើរប្រឆាំងនឹងជំងឺដុំស្បូន។ ក្នុងករណីអ្នកសង្កេតឃើញមានអាការៈសញ្ញាគួរឱ្យសង្ស័យណាមួយ
សូមអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភពនិងរោគស្ត្រី។ ប៉ុន្តែបើក្នុងករណីស្ត្រីជួបគ្រោះមានជំងឺដុំស្បូនទៅហើយ
ហើយមាន អាការៈធ្លាក់ឈាមច្រើន ហួសហេតុខ្លះពេក ស្ត្រីអាចប្រឈមនឹងគ្រោះ ខ្វះគ្រាប់ឈាមក្រហម
ពោលគឺខ្វះជាតិដែក។ ដូច្នេះអ្នកជាស្ត្រីគួរតែ ស្វែងរកទទួលទានអាហារណាដែលមានផ្ទុកជាតិដែកច្រើន
ដូចជា សាច់គោ ឈាមជ្រូក ថ្លើមមាន់ថ្លើមទា គ្រាប់ល្ពៅ សណ្តែកបារាំង បន្លែបៃតង ឬក៏ត្រូវទទួលទានថ្នាំ
បន្ថែមជាតិដែក តាមវេជ្ជបញ្ជាផង។ ការវិភាគឈាមអាចជាមធ្យោបាយដ៏ល្អ មួយ ដើម្បីបានដឹងច្បាស់ថា
តើយើងមានគ្រាប់ឈាមក្រហម និងជាតិដែកគ្រប់គ្រាន់ឬក៏អត់។ ដំបូន្មាននេះ ក៏មានតម្លៃសម្រាប់ស្ត្រីគ្រប់រូបផ្សេងទៀត
ដែលគ្មានជំងឺដុំស្បូន តែមានការធ្លាក់ឈាមរដូវច្រើនខ្លាំង៕
No comments:
Post a Comment