គ្រោះថ្នាក់ធ្ងន់ធ្ងរ នៃគ្រួសតម្រងនោម
បើទោះជាមានមូលហេតុផ្សេងៗគ្នានៃការកកើត ទំហំតូចឬធំ គ្រួសតម្រង នោមអាចសម្ងំនៅក្នុងខ្លួនមនុស្ស ដោយមិនបញ្ចេញជារោគសញ្ញា អ្វីទាំងអស់ដល់អ្នកជំងឺ ជាពិសេសនៅពេលដែលវាមិនទាន់ធ្វើអោយ ស្ទះដល់លំហូរនៃប្រព័ន្ធទឹកនោម។
នៅពេលដែលគ្រួសតម្រងនោមរំកិល ឬធ្វើឲ្យស្ទះដល់ដំណើរ លំហូរនៃ ទឹកនោម ព្រឹត្តការណ៍ពីរធំៗអាចកើតមានឡើង៖
១) ការឈឺចាប់ខ្លាំងនៅតំបន់ចង្កេះ (Colique néphrétique)៖ ការឈឺចាប់នេះបណ្តាលមកពីការស្ទះភ្លាមៗនៃប្រព័ន្ធទឹកនោមផ្នែក ខាងលើ (អាចខាងឆ្វេង ឬខាងស្តាំ) បណ្តាលឲ្យមានការរីកធំដោយការដក់ ទឹកនោមនៅក្នុងតម្រងនោម។ ការឈឺចាប់នេះអាចនឹងធូរស្បើយ ទៅវិញដោយសារ៖
- ការធ្លាក់ផុតពីបំពង់ទឹកនោមចូលទៅក្នុងផ្លោកនោម ដោយគ្រួសដែលមានទំហំតូចៗ (៣-៤មម)
- ការបែកធ្លាយនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (Rupture fornix)
- ការប្រើថ្នាំបំបាត់ការឈឺចាប់
ចំណាំ៖ គ្រោះថ្នាក់ធ្ងន់ធ្ងររហូតខូចតម្រងនោម ភាគច្រើនជួប ប្រទះក្នុង ករណីចុងក្រោយ ដែលអ្នកជំងឺលែងមានការឈឺ ចាប់បន្ទាប់ពីពិសារថ្នាំ ហើយគិតថាគ្រាប់គ្រួសជ្រុះ ឬធ្លាក់បាត់។
២) ការឈឺចាប់នៅតំបន់ចង្កេះរួមទាំងមានការក្តៅខ្លួន (Pyélonéphrite aiguë)៖ គឺជាការស្ទះនៅផ្លូវបង្ហូរទឹកនោម រួមទាំងការរលាកស្រួចស្រាវ ដល់បំពង់ទឹកនោម និងតម្រងនោម ដែលស្ទះនោះ។
កត្តាចម្បងដែលធ្វើឲ្យមានមេរោគ ឬខ្ទុះក្នុងប្រព័ន្ធបង្ហូរទឹកនោមគឺការចាល់ ឬស្ទះទឹកនោមនៅផ្នែក ណាមួយនៃប្រព័ន្ធ។ ការរលាកតម្រងនោម ស្រួចស្រាវបណ្តាលមកពីការស្ទះទឹកនោម (Pyélonéphrite aiguë obstructive) ជាករណីបន្ទាន់វេជ្ជសាស្ត្រ ដែលអាចធ្វើឲ្យអ្នកជំងឺ គ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមាន ការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
នៅមន្ទីរពេទ្យកាល់ម៉ែត យើងជួបប្រទះករណីអ្នកជំងឺធ្ងន់ធ្ងរ ដែលមាន សញ្ញាគំរាមកំហែងដល់អាយុជីវិត ដូចករណីខាងលើ មាន ៣ ទៅ ៤ ករណីជាមធ្យមក្នុងមួយខែ។ អ្នកជំងឺទាំងនោះភាគច្រើនស្តែងចេញ ជាសញ្ញាដូចខាងក្រោម (Septicémie)៖
- ស្មារតីមិននឹងនរ
- សម្ពាធឈាមមិននឹងនរ (ស្រុតចុះ)
- ក្តៅខ្លួន (+/-)
- ហត់
ក្រោយការធ្វើរោគវិនិច្ឆ័យពីការរលាកតំរងនោមស្រួចស្រាវដោយការស្ទះ ការព្យាបាលដោយថ្នាំ នៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ បូករួមទាំង ការបង្ហូរទឹកនោមដែលមានមេរោគ ឬខ្ទុះទាន់ពេលវេលា គឺអាចជួយ សង្គ្រោះជីវិតអ្នកជំងឺឡើងវិញបាន។
ដើម្បីការពារកុំឲ្យគ្រួសតម្រងនោមផ្តល់ផលវិបាករហូតដល់ខូចតម្រងនោម ឬមហន្តរាយដល់អាយុជីវិត សូមបងប្អូនអញ្ជើញទៅពិគ្រោះយោបល់ ធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលនៅមន្ទីរពេទ្យដែលមានគ្រូពេទ្យ ជំនាញឯកទេសច្បាស់លាស់។
"សូមអញ្ជើញលោក លោកស្រី ដែលសង្ស័យមានរោគសញ្ញាគ្រួស តម្រងនោម មកមន្ទីរ ពេទ្យកាល់ម៉ែត ដើម្បីជួបពិគ្រោះជាមួយគ្រូពេទ្យ ជំនាញផ្នែកវះកាត់ប្រព័ន្ធម៉ូតសាស្ត្រ ធ្វើការរករោគវិនិច្ឆ័យ ពិសេសការព្យាបាលដោយការឆ្លុះ ចាប់ និងបំបែកគ្រួសតាម បង្ហួរនោមដោយ ឧបករណ៍ដែលមានទំហំតូច មានភាពងាយស្រួល ប្រកបដោយសុវត្ថិភាព និងគ្មានការឈឺចាប់។"
No comments:
Post a Comment