ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ ជាឃាតករស្ងៀមស្ងាត់ដ៏គួរ អោយខ្លាច !
ជំងឺថ្លើមប្រភេទ បេ ជាបញ្ហារដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ហើយមានអត្រាប្រហែល១០ភាគរយ នៃប្រជាជនកម្ពុជា ។ ជំងឺនេះបង្កឲ្យ មានការរលាកសាច់ថ្លើម និង អាចវិវត្តន៍ទៅរកសភាពក្រិនថ្លើមបាន និងជាពិសេសវាក៏អាចវិវត្តន៍ទៅជាបញ្ហារដុំមហារីកថ្លើម ដែលអាចអោយ ប៉ះពាល់ដល់អាយុជីវិត និងក៏ជាឃាតករដ៏សាហាវស្ងៀមស្ងាត់មួយផងដែរ ព្រោះថាជាទូទៅ ៨០ ទៅ ៨៥ភាគរយនៃអ្នកជំងឺនេះគឺគ្មានរោគសញ្ញា អ្វីអាចឲ្យយើងបានដឹងជាមុននោះឡើយ ។
ក) រោគសញ្ញា ៖
រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺគឺអាស្រ័យទៅលើកម្រិតនៃ ការរលាក និង សភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើម នៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និង ថ្លើមក្រិន) ។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួន ហើយមានតែ ១០ ទៅ ១៥ ភាគរយនៃអ្នកជំងឺថ្លើមប្រភេទ បេ ដែលស្តែងចេញ :
- ការហេវហត់ ចុះខ្សោយកំលាំង និង សុខភាពដោយមិនមានមូលហេតុច្បាស់លាស់
- ឡើងលឿងភ្នែក និង ស្បែក
- មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសាយធំ
- មានការហើមជើងជាដើម...។
ខ) ការធ្វើរោគវិនិច្ឆ័យ ៖
មានតែការពិនិត្យឈាមប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន ដោយការរកមេរោគ និង រាប់ចំនួនមេរោគ (Ag Hbs, Ac Hbs, Ac Hbc និង PCR HBV quantitatif)។
គ) ការចម្លងរោគ ៖
- មេរោគនេះអាចឆ្លងតាមរយៈ
- ការប៉ះពាល់ឈាមអ្នកជំងឺថ្លើមប្រភេទ បេ
- ពីម្តាយដែលមានផ្ទុកមេរោគទៅកូន (អំឡុងមានផ្ទៃពោះ និងសម្រាល)
- ការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវ
- ការប្រើប្រាស់សម្ភារៈ រឺវត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ ចេញឈាម (កន្ទ្រៃកាត់ក្រចក, ច្រាស់ដុះធ្មេញ, កន្ទ្រៃកាត់សាច់, ម្ជុលចាក់...)
ឃ) វិធីការពារ ៖
ជំងឺថ្លើមប្រភេទ បេ ជាជំងឺមួយដែលយើងអាចជៀសផុត និងការពារបាន តាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ បេ អោយបានត្រឹម តាមក្បួនវេជ្ជសាស្ត្រ ។ ជាទូទៅការចាក់វ៉ាក់សាំងនេះមានចំនួន ៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើ់ងមាន ប្រព័ន្ធការពារមេរោគនេះពីការចម្លង។
ង) វិធីព្យាបាល ៖
ជំងឺរលាកថ្លើមប្រភេទ បេ អាចព្យាបាលជាសះស្បើយ ដោយតម្រូវឲ្យ ព្យាបាលរយៈពេលយូរ ពិសារថ្នាំឲ្យបានទៀងទាត់ តាមដានជំងឺជាប់លាប់ ដោយគោរពតាមការណាត់របស់គ្រូពេទ្យ។ ការព្យាបាលប្រសើរបំផុត គឺនៅដំណាក់កាលថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីកសាច់ថ្លើម ជៀសវាងបណ្តែតបណ្តោយឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល ។
* ការព្យាបាលជម្ងឺរលាកថ្លើមប្រភេទ បេ នេះគឺទាមទារការព្យាបាលរយៈ ពេលយូរ និង មានភាពស្មុគស្មាញដែរ ដូច្នេះអ្នកជម្ងឺគួរគប្បីធ្វើការ ព្យាបាល និង តាមដានជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ អោយបាន ត្រឹមត្រូវបំផុតតាម បច្ចេកទេសវេជ្ជសាស្ត្រ ។
«សូមលោក លោកស្រីអញ្ជើញមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានពត៌មានលំអិតក្បោះ ក្បាយអំពីវិធីសាស្ត្រនៃការការពារលោកអ្នកអំពីមេរោគថ្លើមប្រភេទបេ និងវិធីសាស្ត្រនៃការព្យាបាល ទាន់ពេលវេលា ជៀសវាងផលវិបាក នៃជំងឺនេះ ដូចជាការរលាករ៉ាំរ៉ៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម។»
ប្រភព៖ Hospital Calmette